ទោះបីជានៅក្នុងឆ្នាំ ២០១៦ ប្រទេសថៃត្រូវបានដំឡើងពីថ្នាក់ទី៣ ទៅថ្នាក់ទី២ នៅក្នុងរបាយការណ៍ស្ដីពីការជួញដូរមនុស្សនៅសហរដ្ឋអាមេរិកបន្ទាប់ពីបានទទួល «កាតលឿង» ពីសហគមន៍អឺរ៉ុបដោយសារការមិនបានរាយការណ៍ និងមិនបានគ្រប់គ្រងលើសកម្មភាពនេសាទខុសច្បាប់ (IUU) ហើយដែលជាប់ពាក់ព័ន្ធនិងការបង្ខំឲ្យធ្វើការងារនិងការជួញដូរមនុស្សក្នុងវិស័យនេសាទក៏ដោយ ក៏ប្រទេសថៃនៅតែបង្កឱ្យមានការព្រួយបារម្ភដដែល។ បរាជ័យក្នុងការបង្ហាញថារាជរដ្ឋាភិបាលថៃបានខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងបញ្ហាទាំងនេះ ដែលអាចនាំឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ។ តើអ្វីជាការឆ្លើយតបរបស់រាជរដ្ឋាភិបាលថៃ? សូមអានបន្ថែម។

ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស រដ្ឋាភិបាលទាំងពីរ ថៃនិងកម្ពុជា បានបង្កើតច្បាប់មួយចំនួន។ ទោះជាយ៉ាងនេះក្ដី ច្បាប់ជាច្រើនត្រូវបានបង្កើតដើម្បីប្រយោជន៍សន្តិសុខជាតិ និងដើម្បីធានាពីពលកម្មសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសថៃ ជាជាងផ្ដោតទៅលើការការពារសិទ្ធិរបស់ពលករ។ ប្រការនេះបាននាំឱ្យច្បាប់ និងបទបញ្ញត្តិគ្មានប្រសិទ្ធិភាពក្នុងការលើកកម្ពស់ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការការពារមិនឱ្យមានការជួញដូរមនុស្ស។ យើងយល់ឃើញថា ការពិនិត្យឡើងទៅលើច្បាប់និងបទបញ្ញត្តិប្រឆាំងការជួញដូរមនុស្ស និងពលកម្មចំណាកស្រុកគឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរកឱ្យឃើញនូវចន្លោះប្រហោង និងភាពមិនស៊ីគ្នារវាងច្បាប់និងការអនុវត្តន៍។

ដូច្នេះហើយ ដៃគូគម្រោង MIG-RIGHT សហការជាមួយលោកសាស្ត្រាចារ្យ Kyoko Kusakabe នៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី បានធ្វើការស្រាវជ្រាវមួយដែលមានឈ្មោះថា «ទេសន្តប្រវេសន៍ការងារ និងការជួញដូរមនុស្ស៖ ការវិភាគលើផ្នែកច្បាប់ បទបញ្ញត្តិ និងគោលនយោបាយ នៅក្នុងប្រទេសថៃនិងប្រទេសកម្ពុជា»។ ការស្រាវជ្រាវនេះ គឺជាការវិភាគឡើងវិញលើផ្នែកច្បាប់ បទបញ្ញត្តិ និងគោលនយោបាយដែលទាក់ទងពលកម្មចំណាកស្រុកនៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា។

ការស្រាវជ្រាវនេះមានគោលបំណង ដើម្បីកំណត់តំបន់ដែលភាគីពាក់ព័ន្ធនានាត្រូវដោះស្រាយដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងដើម្បីធានាឱ្យមានការធ្វើការចំណាកស្រុកប្រកបដោយសុវត្ថិភាពពីប្រទេសកម្ពុជាទៅប្រទេសថៃ។ ជាពិសេស ការស្រាវជ្រាវនេះ បានពិនិត្យមើលឡើងវិញលើច្បាប់ថ្មីៗទាក់ទងនឹងការជួញដូរមនុស្ស និងទេសន្តប្រវេសន៍ការងារនៅក្នុងប្រទេសថៃនិងប្រទេសកម្ពុជា វាយតម្លៃលើផលប៉ះពាល់នៃការអនុវត្តន៍ច្បាប់ទាំងនោះ និងផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធនានា (រដ្ឋាភិបាល សហគមន៍អន្តរជាតិ និងសង្គមស៊ីវិល) ឱ្យពិនិត្យមើល។

ការស្រាវជ្រាវនេះត្រូវបានបង្កើតឡើងជាមួយគម្រោង MIG-RIGHT ដែលសហឧបត្ថម្ភដោយសហភាពអឺរ៉ុប។ គោលបំណងរបស់ការស្រាវជ្រាវនេះ គឺដើម្បីបង្កើតឱ្យមានមូលដ្ឋានសម្រាប់ប្រតិបតិ្តការដែលទាក់ទងទៅនឹងការធ្វើចំណាកស្រុកបន្ថែមទៀត និងកំណត់ទិសបន្តទៅមុខទៀត។

សូមអានអត្ថបទស្រាវជ្រាវទាំងស្រុង៖ «ការស្រាវជ្រាវ៖ ទេសន្តប្រវេសន៍ការងារ និងការជួញដូរមនុស្ស។ ការវិភាគផ្នែកច្បាប់ បទបញ្ញត្តិ និងគោលនយោបាយ នៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា»។»

តំណភ្ជាប់ទៅកាន់អត្ថបទស្រាវជ្រាវ