ច្រកផ្លូវសម្រាប់ធ្វើចំណាកស្រុកដែលជនចំណាកស្រុកកម្ពុជាឆ្លងទៅធ្វើការនៅប្រទេសថៃត្រូវបានកំណត់ដោយច្បាប់។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) និងចាត់ចែងច្បាប់ស្ដីពីការបញ្ជូន និងទទួលយកពលករចំណាកស្រុក។ អនុស្សរណៈយោគយល់គ្នានេះបានកំណត់ថាភ្នាក់ងារជ្រើសរើសពលករឯកជន (PRAs) ត្រូវមានតួនាទីក្នុងការជ្រើសរើស និងបញ្ជូនពលករកម្ពុជាដើម្បីទៅធ្វើការនៅប្រទេសថៃ។ ប៉ុន្តែមិនមែនគ្រប់ភ្នាក់ងារ PRAs ទាំងអស់បានធ្វើការត្រឹមត្រូវស្របតាមច្បាប់ទេ ដែលជាលទ្ធផលបង្កឲ្យមានហានិភ័យដូចជាការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញមនុស្ស។ តើចំណុចនេះអាចប៉ះពាល់ដល់ពលករចំណាកស្រុកតាមរបៀបណាខ្លះ?

នៅខែមិថុនា ឆ្នាំ ២០១៨ មន្ត្រីប្រទេសកម្ពុជា និងប្រទេសថៃបានកត់ត្រាពលករចំណាកស្រុកកម្ពុជាចំនួន ១,០៧០,០០០ នាក់ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ដែលកំពុងរស់នៅក្នុងប្រទេសថៃ។

ដើម្បីធានាបាននូវការបម្លាស់ទីដែលមានសុវត្ថិភាពសម្រាប់ពលករ ប្រទេសទាំងពីរបានដាក់ចេញនូវផ្លូវដែលបានកំណត់ដោយច្បាប់ និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) នៅឆ្នាំ ២០០៣ ដែលត្រូវបានកែសម្រួល និងផ្ដល់សច្ចាប័ននៅក្នុងឆ្នាំ ២០១៥។ គោលបំណងនៃឯកសារនេះគឺដើម្បីផ្ដល់នូវដំណោះស្រាយស្របច្បាប់មួយសម្រាប់ពលករមិនមានឯកសារគ្រប់គ្រាន់ (ដោយរាប់ទាំងពលករដែលបានរស់នៅប្រទេសថៃរួចទៅហើយ) និងដើម្បីលើកកម្ពស់ផ្លូវច្បាប់ក្នុងចំណោមជនចំណាកស្រុក និងពួកនិយោជក។

យោងទៅតាមប្រព័ន្ធអនុស្សរណៈនៃការយោគយល់ (MoU) នេះ​ នៅពេលដែលនិយោជកជនជាតិថៃចង់ជួលពលករជនបរទេសណាមួយមកធ្វើការ ពួកគេត្រូវតែធ្វើការជូនដំណឹងទៅកាន់នាយកដ្ឋានការងារនៃប្រទេសថៃ ដែលនាយកដ្ឋាននោះនឹងជូនដំណឹងមកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MOLVT) របស់ប្រទេសកម្ពុជាវិញ ហើយក្រសួងនឹងបង្កើតនូវកូតា និងកំណត់ចំនួនពលករដែលនឹងត្រូវបានបញ្ជូនឱ្យទៅធ្វើការនៅប្រទេសថៃ។ នៅក្នុងប្រទេសកម្ពុជា ចំនួនកូតា គឺត្រូវបានបង្ហាញដល់គ្រប់ភ្នាក់ងារជ្រើសរើសពលករឯកជនទាំងអស់ ដែលទទួលខុសត្រូវក្នុងការជ្រើសរើសពលករដែលមានបំណងចង់ទៅធ្វើការនៅប្រទេសថៃ។

រូបខាងក្រោមបង្ហាញពីសេចក្ដីលំអិតក្នុងការជ្រើសរើសនិងបញ្ជូនពលករ

គួរឲ្យសោកស្ដាយ ដំណើរការជ្រើសរើសពលករតាមរយៈប្រព័ន្ធអនុស្សរណៈយោគយល់គ្នា (MoU) ពុំត្រូវបានត្រួតពិនិត្យឱ្យបានដិតដល់ឡើយ ហើយភ្នាក់ងារជ្រើសរើសពលករខ្លះបានជ្រើសរើសពលករមុនពេលប្រទេសថៃផ្ដល់កូតាឲ្យទៅទៀត ហើយបន្តទុកពលករនៅក្នុងប្រទេសជាច្រើនខែដោយពុំមានការងារធ្វើ។ របាយការណ៍ពីការស្រាវជ្រាវក៏បានបង្ហាញដែរថា មានករណីមួយចំនួនដែលភ្នាក់ងារជ្រើសរើសពលករបានបញ្ជូនពលករទៅប្រទេសថៃដោយប្រើទិដ្ឋាការទេសចរ ដែលប្រការនេះអាចនឹងធ្វើពលករប្រឈមមុខនឹងការបណ្ដេញចេញពីប្រទេសថៃ។ ដៃគូគម្រោង MIGRA ACTION ក៏បានដឹងពីករណីដែលពលករកម្ពុជាត្រូវគេសន្យាផ្ដល់ការងារជូន តែតាមពិតគេកុហក ហើយគេក៏បានទាមទារឲ្យពលករទាំងនោះបង់ថ្លៃឈ្នួលជ្រើសរើស​ តែពួកគេពុំដែលបានទទួលឯកសារដើម្បីបានធ្វើការងារឡើយ។ ដូចគ្នានេះដែរ ពលករខ្លះទៀតត្រូវបានគេរាយការណ៍ថាបានទទួលការជួយសម្រួលពីឈ្មួញកណ្ដាលដែលជាភ្នាក់ងារជ្រើសរើសពលករ ដើម្បីជួយឱ្យបានឆ្លងប្រទេសដោយពុំមានឯកសារត្រឹមត្រូវ ហើយពេលទៅដល់ប្រទេសថៃពួកគេត្រូវគេលាក់ខ្លួនពីប៉ូលិស។

បញ្ហានៃការជ្រើសរើសមួយទៀតគឺដំណើរការនៃការជ្រើសរើសពលករ។ គ្រប់ភ្នាក់ងារជ្រើសរើសពលករទាំងអស់សុទ្ធតែមានទីស្នាក់ការនៅក្នុងរាជធានី ប៉ុន្តែពួកគេជ្រើសរើសពលករដែលមកពីបណ្តាខេត្ត ដែលភាគច្រើនជាប្រជាជនមកពីតំបន់ដាច់ស្រយាល ជាពិសេជ្រើសរើសយកតែប្រភេទពលកម្មដែលគ្មានជំនាញ។ ពួកគេបានប្រើប្រាស់អ្នកតំណាងទូទាំងប្រទេស ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលមានបំណងធ្វើចំណាកស្រុក ហើយអ្នកតំណាងទាំងនោះពិតជាចាំបាច់ណាស់សម្រាប់អ្នកដែលមានបំណងធ្វើចំណាកស្រុកទាំងនោះ  ដោយពួកគេជួយសម្រួលដល់ការដាក់ពាក្យតាមរយៈដំណើរការរបស់អនុស្សរណៈយោគយល់គ្នា (MoU) ជួយសម្រួលដល់ការបំពេញបែបបទលិខិតឆ្លងដែន និងជួយកាត់បន្ថយការធ្វើដំណើរទៅកាន់រាជធានីជាដើម។

ទោះជាយ៉ាងនេះក្ដី ដៃគូគម្រោង MIGRA ACTION បានសង្កេតឃើញថាឈ្មួញកណ្ដាលមួយចំនួនមិនមែនជាអ្នកតំណាងរបស់ភ្នាក់ងារជ្រើសរើសពលករដែលទទួលស្គាល់ដោយរដ្ឋាភិបាលឡើយ។ ផ្ទុយទៅវិញ យើងបានទទួលដំណឹងពីពីសហគមន៍នៃក្រុមជួយខ្លួនឯងថា ឈ្មួញកណ្ដាលទាំងនោះបានមកជួបអ្នកភូមិហើយបានផ្ដល់ការងារនៅប្រទេសថៃដោយគ្មានឯកសារ ឬមានឯកសារមិនពេញលេញ ហើយជួនកាលឈ្មួញកណ្ដាលទាំងនោះបាននាំកម្មកររត់ឆ្លងដែនទាំងខុសច្បាប់ ដោយធ្វើរបៀបនេះ ពួកគេចំណាយលុយ និងពេលវេលាតិចជាងការឆ្លងដែនស្របច្បាប់។

ការធ្វើបែបនេះនៅតែមានទូទៅជាពិសេសដោយសារនីតិវិធីស្របច្បាប់នៃដំណើរការ MoU គឺមានភាពស្មុគ្រស្មាញ ត្រូវការពេលច្រើន ត្រូវការចំណាយប្រាក់ច្រើន ហើយភាគច្រើននៃពលករដែលរស់នៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាពិបាកនឹងរត់ការដើម្បីទទួលបានឯកសារស្របច្បាប់ទាំងនោះ។

ចំណុចមួយទៀតគឺស្ថានភាពសេដ្ឋកិច្ចរបស់ពលករទាំងនោះ ដែលពួកគេមិនអាចរង់ចាំយូរសម្រាប់ការជ្រើសរើសបានឡើយ។ ការសម្រេចចិត្តធ្វើចំណាកស្រុក គឺធ្វើឡើងដោយសារភាពចាំបាច់ មិនមែនដោយសារជម្រើសនោះទេ ដូច្នេះហើយអ្នកធ្វើចំណាកស្រុកបានក្លាយជាជនរងគ្រោះរបស់ឈ្មួញកណ្ដាលដែលគ្មានសីលធម៌ទាំងនោះ។ អ្នកភូមិភាគច្រើនមិនបានដឹងពីសិទ្ធិ ហើយមិនអាចធ្វើការបែងចែកបានថាអ្វីជាដំណើរការស្របច្បាប់និងខុសច្បាប់ឡើយ ហើយពួកគេរឹតតែមិនដឹងថាអ្វីជាទិដ្ឋាការ ឬដំណើរការក្រដាស្នាមដែលចាំបាច់ឡើយ។ បន្ថែមលើនេះ អ្នកភូមិជឿជាក់លើភ្នាក់ងារជ្រើសរើសពលករនោះ ដោសារភ្នាក់ងាររូបនោះអាចជាមនុស្សដែលគេស្គាល់នៅក្នុងសហគមន៍ ឬស្ថិតនៅក្នុងបណ្ដាញមនុស្សដែលគេស្គាល់។ ការដឹងអំពីភាពខុសគ្នារវាងឈ្មួញកណ្ដាល និងភ្នាក់ងារជ្រើសរើសពលករពិតប្រាកដ ដែលតំណាងឱ្យភ្នាក់ជ្រើសរើសពលករស្របច្បាប់ អាចនឹងលំបាក ហើយជាញឹកញាប់ នៅពេលដែលពលករទាំងនោះបានដឹងថាពួកគេត្រូវបានបោកប្រាស់ គឺវាហួសពេលទៅហើយ ពោលគឺពួកគេបានបង់ប្រាក់សេវាកម្មជ្រើសរើសពលកររួចរាល់ ហើយឈ្មួញកណ្ដាលទាំងនោះបានទៅឆ្ងាយ និងលែងទាក់ទងបានទៅហើយ។

ភ្នាក់ងារជ្រើសរើសពលករឯកជន (PRAs) ត្រូវបានគ្រប់គ្រងជាផ្លូវការនៅក្នុងប្រទេស។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការគាំទ្ររបស់អង្គការពលកម្មអន្តរជាតិ (ILO) បានបង្កើតគោលនយោបាយមួយស្ដីពីទេសន្តប្រវេសន៍ការងារនៅក្នុងឆ្នាំ ២០១១ ដែលបានកំណត់យ៉ាងច្បាស់នូវតួនាទី និងទំនួលខុសត្រូវរបស់ភ្នាក់ងារជ្រើសរើសពលករឯកជន (PRAs) ។ ប៉ុន្តែគួរឱ្យ​ស្ដាយ ការធ្វើកិច្ចសន្យាក្លែងបន្លំ និងការបោកបញ្ឆោតនៅតែជារឿងធម្មតា ហើយត្រូវបានរាយការណ៍ពីជនចំណាកស្រុកជារឿយៗ។ ភ្នាក់ងារជ្រើសរើសពលករឯកជន (PRAs) មានប្រវត្តិក្លែងបន្លំឯកសារ បង្ខាំងឯកសារទុក ឬយកថ្លៃហួសហេតុលើការផ្ដល់ជូនការងារ ដែលភាគច្រើនជាការងារខ្យល់។ ចំណែករបាយការណ៍ពីការជ្រើសរើសពលករមិនទាន់គ្រប់អាយុ និងការចេញឯកសារដោយកែប្រែអត្តសញ្ញាណ ឬកែប្រែអាយុក៏នៅមានជាហូរហែរ

បទបញ្ញត្តិស្ដីពីប្រតិបត្តិការរបស់ភ្នាក់ងារជ្រើសរើសពលករឯកជន (PRAs) (អនុក្រឹត្យលេខ ១៩០ ស្ដីពីការគ្រប់គ្រងនិងការបញ្ជូនពលករកម្ពុជាទៅបរទេសតាមរយៈភ្នាក់ងារជ្រើសរើសពលករឯកជន) គ្របដណ្ដប់លើការត្រួតពិនិត្យលើភ្នាក់ងារជ្រើសរើសពលករ ថ្លៃសេវាកម្ម លក្ខខណ្ឌកិច្ចសន្យា ការអនុវត្តន៍យន្តការដាក់ពាក្យបណ្ដឹង និងការដាក់ទណ្ឌកម្មលើឈ្មួញកណ្ដាលឬភ្នាក់ងារដែលគ្មានអាជ្ញាប័ណ្ណ។ នៅត្រឹមខែសីហា ឆ្នាំ ២០១៨ នេះ មានភ្នាក់ងារជ្រើសរើសពលករចំនួន ៨៩ ដែលបានចុះឈ្មោះជាមួយនឹងក្រសួងការងារ ដើម្បីធ្វើប្រតិបត្តិការផ្លូវការនិងជ្រើសរើសយកពលករទៅបម្រើការនៅប្រទេសថៃ។

ទោះជាយ៉ាងនេះក្ដី កង្វះផ្នែកធនធាន និងសមត្ថភាពរបស់មន្ត្រីកម្ពុជាបានរារាំងការអនុវត្តន៍ជាក់ស្ដែងនូវគោលនយោបាយនិងការការពារពលករចំណាកស្រុក ជាពិសេសមុនពេលពួកគេចេញដំណើរ។ កិច្ចការជាច្រើនគួរតែត្រូវបានធ្វើដើម្បីពង្រឹងការការពារ ដែលអាចមានការលំបាកក្នុងការអនុវត្តន៍ដោយសារតែបញ្ហានេះទាក់ទងនឹងការឆ្លងដែនប្រទេសពីរ និងការកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះការរំលោភបំពានលើពលករ។

បញ្ហាដ៏លំបាកមួយទៀតគឺតម្លៃនៃការចុះឈ្មោះ។ ទោះបីជាតម្លៃពិតប្រាកដសម្រាប់ពលករចំណាកស្រុកត្រូវបានកំណត់ដោយអនុស្សរណៈយោគយល់គ្នា (MoU) (សូមមើលក្រាហ្វព័ត៌មានខាងលើ) ចំនួន ៤៩ ដុល្លារក៏ដោយ ពលករចំណាកស្រុកនឹងត្រូវចំណាយច្រើនជាងនេះ។ ច្បាប់រដ្ឋបាល គឺមានភាពមិនច្បាស់លាស់ហើយមានលក្ខណៈខុសគ្នាពីខេត្តមួយទៅខេត្តមួយ ឬពីនិយោជកមួយទៅនិយោជកមួយ។  សមាជិកក្រុមជួយខ្លួនឯង បានរាយការណ៍ជូន MIGRA ACTION ថាពួកគេបានចំណាយជាមធ្យមចំនួនពី ៦០០ ទៅ ៧០០ ដុល្លារ ដើម្បីបញ្ចប់ដំណើរធ្វើចំណាកស្រុកទាំងស្រុង។ ពួកគេគ្មានសមត្ថភាពចំណាយលើតម្លៃដ៏ច្រើននេះទេ ដូច្នេះហើយវាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលឡើយ ដែលពួកគេសម្រេចចិត្តរើសដំណើរការដែលមិនស្របច្បាប់ ដែលដំណើរការនេះជួយកាត់បន្ថយការចំណាយរបស់ពួកគេជាច្រើន។ លើសពីនេះទៅទៀត ដោយសារតែអនុស្សរណៈយោគយល់ (MoU) មិនអនុញ្ញាតឱ្យពលករប្ដូរនិយោជកនៅពេលដែលពួកគេទៅដល់ប្រទេសថៃ ពួកគេយល់ថាដំណើរការមិនស្របច្បាប់ គឺមានភាពងាយស្រួលជាងសម្រាប់ពួកគេក្នុងការផ្លាស់ប្ដូរការងារបើសិនជាពួកគេជួបបញ្ហា។ ពលករចំណាកស្រុកជាច្រើនក៏គិតផងដែរថា ពួកគេនឹងធ្វើឱ្យស្ថានភាពការងាររបស់គេស្របច្បាប់វិញ នៅពេលដែលពួកគេបានទៅដល់ប្រទេសថៃ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ បញ្ហាខាងលើមិនអាចកើតឡើងទៀតឡើយ។ ព្រះរាជក្រឹត្យឆ្នាំ ២០១៧ ស្ដីពីការគ្រប់គ្រងការងារពលករបរទេស (ព.ស. ២៥៦០) បានផ្ដល់លទ្ធភាពក្នុងការចុះឈ្មោះជូនពលករខុសច្បាប់ទាំងអស់នៅក្នុងប្រទេសថៃនៅត្រឹមថ្ងៃទី ៣០​ ខែ មិថុនា ឆ្នាំ ២០១៨។ ចាប់ពីពេលនោះតទៅ  ពលករខុសច្បាប់នឹងប្រឈមមុខនឹងពិន័យជាប្រាក់ពី ៥០០០ ទៅ ៥០០០០បាត ការបណ្ដេញចេញពីប្រទេសទៅកាន់ប្រទេសកំណើតខ្លួនវិញ និងការហាមឃាត់មិនឲ្យដាក់ពាក្យសូមធ្វើការនៅប្រទេសថៃក្នុងរយៈពេលពីរឆ្នាំ។ ការពិន័យនេះក៏អនុវត្តចំពោះនិយោជកផងដែរ៖ និយោជកណាដែលត្រូវរកឃើញថាបានជួលពលករដែលគ្មានឯកសារត្រឹមត្រូវនឹងត្រូវបង់ប្រាក់ពិន័យពី ១០០០០ ទៅ ១០០០០០ បាត ចំពោះពលករម្នាក់។ យោងទៅតាមព្រះរាជក្រឹត្យនេះ បើនិយោជករូបណាប្រព្រឹត្តបទល្មើសដដែលនេះម្ដងទៀត ពួកគេនឹងត្រូវទទួលពិន័យពី ៥០០០០ ទៅ ២០០០០០ បាត ហើយអាចប្រឈមមុខជាប់ពន្ធនាគារចំនួនមួយឆ្នាំ និងមិនអាចនាំយកបុគ្គលិកមកធ្វើការចំនួនបីឆ្នាំ។

យោងទៅតាមមន្ត្រីថៃ គិតត្រឹមខែកក្កដា​​ ឆ្នាំ ២០១៨ មានពលករខុសច្បាប់កម្ពុជាចំនួន ១០០០០ នាក់ នៅក្នុងប្រទេសថៃ។ ក្រុមអ្នកសិទ្ធិការងារសង្ស័យថាចំនួនពិតប្រាកដអាចច្រើនជាងនេះរហូតដល់ ២០០០០ នាក់ ឬ ៣០០០០ នាក់។

ការគ្មានឯកសារស្របច្បាប់ និងគ្មានចំណេះដឹងផ្នែកភាសាបានបង្កើនហានិភ័យក្នុងការក្លាយជាជនរងគ្រោះអំពើជួញដូរ ការបោកប្រាស់ ឬការកេងប្រវ័ញ្ច និងការបណ្ដេញចេញពីប្រទេស។

នៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់សហគមន៍ ជនចំណាកស្រុកដែលបានត្រឡប់មកវិញជាច្រើននាក់បានចែករំលែករឿងដែលពួកគេត្រូវបានបោកប្រាស់និងកេងប្រវ័ញ្ច។ ពួកគេភាគច្រើនមានអារម្មណ៍សោកស្ដាយចំពោះកំហុសរបស់ខ្លួនដែលបានជឿទុកចិត្តលើឈ្មួញកណ្ដាល ឬភ្នាក់ងារដែលបានបោកបញ្ឆោតពួកគេឱ្យធ្វើការចំណាកស្រុកទៅកាន់បរទេស ដើម្បីធ្វើការនៅក្នុងឧស្សាហកម្មផ្សេងៗ ច្រើនជាងអ្វីដែលពួកគេបានប្រាប់ពីពេលមុន។ ពួកគេក៏បានពន្យល់ផងដែរថាពួកគេត្រូវបានបោកប្រាស់ដោយឈ្មួញកណ្ដាល ដែលបានផ្ដល់ឯកសារក្លែងក្លាយ ឬទិដ្ឋាការទេសចរដល់ពួកគេដើម្បីធ្វើការនៅប្រទេសថៃ។ ពលករចំណាកស្រុកកម្ពុជានៅក្នុងស្ថានភាពបែបនេះ ភាគច្រើនពុំបានរាយការណ៍ ឬស្វែងរកយុត្តិធម៌ឡើយ បន្ទាប់ពីទទួលការរំលោភសិទ្ធិ ដោយសារខ្លាចការចាប់ខ្លួន។

ដើម្បីកាត់បន្ថយគម្លាតផ្នែកព័ត៌មាន យើងកសាងសមត្ថភាពរបស់សហគមន៍កម្ពុជា និងលើកកម្ពស់ការយល់ដឹងទាក់ទងនឹងថាតើ ឯកសារបែបណាដែលត្រូវការ ឬនីតិវិធីបែបណាដែលពួកគេត្រូវធ្វើតាមមុនពេលទទួលយកការងារនៅក្នុងប្រទេសថៃ។ ពេលនេះ អ្នកភូមិ រួមទាំងគ្រួសាររបស់ជនចំណាកស្រុកផង បានដឹងថាតើកូនសៀវភៅពណ៌ក្រហម (លិខិតឆ្លងដែន) ត្រូវបានគេប្រើដើម្បីអ្វី  ហើយពេលនេះពួកគេមានទំនុកចិត្តច្រើនជាងមុនក្នុងការរាយការណ៍លើករណីកេងប្រវ័ញ្ចឬរំលោភបំពានទៅកាន់អាជ្ញាធរ។ នៅក្នុងគម្រោង MIGRA ACTION យើងក៏បានចែករំលែកជាមួយសហគមន៍នូវបញ្ជីផ្លូវការរបស់ភ្នាក់ងារជ្រើសរើសពលករដែលត្រូវបានទទួលស្គាល់ពីក្រសួងការងារផងដែរ ដើម្បីឱ្យអ្នកភូមិអាចទាក់ទងទៅកាន់ភ្នាកងារទាំងនោះប្រសិនបើពួកគេមានបំណងចង់ធ្វើការចំណាកស្រុក ឬចង់រាយការណ៍ពីពួកគេទៅកាន់អាជ្ញាធរក្នុងករណីដែលភ្នាក់ងារនោះធ្វើការកេងប្រវ័ញ្ចឬបោកប្រាស់ពលករទាំងនោះ។

សូមអានសក្ខីភាពរបស់ លោក អាង ដែលត្រូវបានបោកប្រាស់ដោយភ្នាក់ងារជ្រើសរើសពលករឯកជនមួយ។

បញ្ជីរបស់ភ្នាក់ងារជ្រើសរើសពលករឯកជន។