ពលករចំណាកស្រុកដែលធ្វើការនៅក្នុងឧស្សាហកម្មនេសាទ គឺងាយរងគ្រោះបំផុតចំពោះការជួញដូរមនុស្ស ទាសភាពការងារ​ និងការបង្ខំធ្វើការ ឬទាសភាពបំណុល ដោយសារតែលក្ខខណ្ឌនៃការងាររបស់ពួកគេ។ ការងាររបស់ពួកគេភាគច្រើនតម្រូវឱ្យពួកគេនៅដាច់តែឯង ហើយឆ្ងាយពីឆ្នេរ និងប្រកបដោយគ្រោះថ្នាក់ ព្រោះពួកគេជាប់នៅក្នុងសមុទ្ររហូត។ ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៣ ជាប្រទេសដែលនាំចេញអាហារសមុទ្រច្រើនជាងគេលើពិភពលោក ដោយមានពលករចំណាកស្រុកប្រហែល ២២២,០០០ នាក់ដែលធ្វើការនៅក្នុងរោងចក្រអាហារសមុទ្រ និងប្រហែល ៧១,០០០ នាក់ ធ្វើការនៅលើនាវានេសាទ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឧស្សាហកម្មនេសាទថៃត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតដោយសារ ការរំលោភសិទ្ធិការងារ និងសិទ្ធិមនុស្ស នៅក្នុងការនេសាទខុសច្បាប់ ដែលគ្មានរបាយការណ៍ និងគ្មានការគ្រប់គ្រងគ្រងត្រឹមត្រូវ (IUU)។

ការរំលោភសិទ្ធិមនុស្សក៏ត្រូវបានលាតត្រដាងដោយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែរ (ដូចជារបាយការណ៍ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)។ ពួកគេបានរកឃើញថា នៅលើនាវានេសាទ  ពលករចំណាកស្រុកធ្វើការនៅក្នុងលក្ខណៈប្រៀបដូចជាទាសករអ៊ីចឹង ដោយធ្វើការលើសពី ១៨ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៍ នៅក្នុងស្ថានភាពមួយយ៉ាងអាក្រក់បំផុត។ លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀតរបស់អ្នកនេសាទទាំងនោះ ត្រូវបានគេដកហូតទុកនៅពេលពួកគេទៅដល់កន្លែងនេសាទ ហើយពួកគេបានក្លាយជាជងរងគ្រោះនៃការធ្វើទារុណកម្មផ្លូវកាយ និងផ្លូវចិត្ត ការគម្រាមកំហែងនិងអំពើហិង្សាជារៀងរាល់ថ្ងៃ  ហើយត្រូវគេបង្អត់បាយ មិនឱ្យគេង និងបង្ខំឱ្យប្រើប្រាស់ថ្នាំញៀន ដើម្បីធ្វើការបានច្រើននិងបានយូរជាងធម្មតា។ អ្នកនេសាទខ្លះត្រូវជាប់នៅនឹងទូកនេសាទអស់ជាច្រើនឆ្នាំដោយពុំបានត្រឡប់មកកំពង់ផែវិញឡើយ។ នៅពេលដែលពួកគេគេចខ្លួនបាន ជាញឹកញាប់ ពួកគេត្រូវបានចាប់ខ្លួនដោយសារការស្នាក់នៅខុសច្បាប់ ហើយបញ្ជូនទៅមន្ទីរឃុំឃាំង ឬបញ្ចូនត្រឡប់ទៅធ្វើការនៅលើនាវានេសាទផ្សេងមួយទៀត។

ដោយសារតែបញ្ហាទាំងនេះ និងកង្វះការខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្ស ប្រទេសថៃត្រូវរងការរិះគន់យ៉ាងខ្លាំងដោយសហគមន៍អន្តរជាតិ។ នៅឆ្នាំ ២០១៥ ប្រទេសថៃត្រូវបានទម្លាក់ទៅចំណាត់ថ្នាក់លេខ ៣ វិញនៅក្នុងរបាយការណ៍ការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិក។ នៅក្នុងឆ្នាំដដែល សហភាពអឺរ៉ុបក៏បានចេញ «កាតលឿង» ឱ្យប្រទេសថៃដោយសារបញ្ហានេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការគ្រប់គ្រងត្រឹមត្រូវ (IUU) ដែលទាក់ទងផងដែរនឹងពលកម្មដោយបង្ខំនិងការជួញដូរមនុស្សនៅក្នុងឧស្សាហកម្មនេសាទ។ ការបរាជ័យក្នុងការបង្ហាញថា រាជរដ្ឋាភិបាលថៃបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាទាំងនេះអាចនឹងនាំឱ្យមានការទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ និងការហាមឃាត់ការនាំទំនិញចូលប្រទេសថៃ។

សម្ពាធលើរាជរដ្ឋាភិបាលថៃបាននាំឱ្យមានកំណែទម្រង់ និងការអនុវត្តន៍ទូទៅលើយន្តការការពារពលករចំណាកស្រុកនិងការការពារពីការជួញដូរមនុស្ស។ គោលនយោបាយពិសេសមួយចំនួន ក៏ត្រូវបានបង្កើតឡើងនៅក្នុងឧស្សាហកម្មនេសាទដែរ។ វិធានការដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលថៃរួមមានប្រព័ន្ធរបាយការណ៍របស់ម្ចាស់នាវានេសាទ និងការធានាឱ្យមានលក្ខណ្ឌការងារប្រសើរជាងមុននៅលើនាវានេសាទ។ ព្រះរាជក្រឹត្យឆ្នាំ ២០១៥ ស្ដីពីការនេសាទ តម្រូវម្ចាស់នាវានេសាទ​ឱ្យជូនដំណឹងដល់អាជ្ញាធរអំពីការចេញដំណើរនិងការមកដល់នៃនាវានេសាទ បរិមាណត្រីដែលចាប់បាននៅពេលចេញម្ដងៗ និងព័ត៌មានលំអិតផ្សេងៗទៀតនៅច្រកចេញចូល (PIPO) របស់កំពង់ផែ។ ប្រព័ន្ធនៃការរាយការណ៍ចំនួនសមាជិកលើនាវានេសាទត្រូវបានបង្កើតឡើង ដើម្បីការពារការជួញដូរមនុស្សនៅលើនាវានេសាទ។ នៅក្នុងបទបញ្ជាពីឆ្នាំ ២០១៤ ក្រសួងការងារប្រទេសថៃ តម្រូវឱ្យនិយោជកអនុវត្តតាមនូវវិធីទូទាត់ប្រាក់ដែលក្រសួងបានកំណត់ ធានាឱ្យមាននូវឧបករណ៍ជំនួយពេលមានគ្រោះថ្នាក់​ និងការរក្សាឱ្យបាននូវស្តង់ដារអនាម័យបន្ទប់ទឹក។

ថ្វីបើមានបទបញ្ជាទាំងអស់ និងការតំឡើងទៅចំណាត់ថ្នាក់លេខ ២ ក្នុងឆ្នាំ ២០១៦, ប្រព័ន្ធត្រួតពិនិត្យនៅពេលបច្ចុប្បន្ននេះពុំទាន់ដំណើរការត្រឹមត្រូវនៅឡើយទេ។ របាយការណ៍បានបង្ហាញថាមានភាពប្រសើរឡើងខ្លះទាក់ទងនឹងលក្ខណៈការងារ និងការទូទាត់ប្រាក់ ប៉ុន្តែមានការថយចុះលើផ្នែកពលកម្មកុមារនៅក្នុងឧស្សាហកម្មនេសាទ។ ទោះជាយ៉ាងនេះក្ដី ការរំលោភបំពានសិទ្ធិការងារ ដូចជាការបង្ខាំងទុកឯកសារ ការធ្វើការហួសម៉ោងកំណត់ ការទូទាត់ប្រាក់ទាបជាងប្រាក់ឈ្នួលអប្បបរមា ការបង្ខាំងប្រាក់ខែ និងការរឹតត្បិតលើការផ្លាស់ទី នៅតែមានដដែល។ អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានរកឃើញថាភ្នាក់ងាររបស់រដ្ឋាភិបាល ដែលរួមមានតំបន់ត្រួតពិនិត្យច្រកចេញចូលនៅកំពង់ផែ (PIPO) និងផ្នែក One Stop Service (OSS) នៅតែខ្វះចំនួនបុគ្គលិក ដោយសារតែមានឯកសារច្រើនហួសប្រមាណ រហូតដល់មិនអាចធ្វើការសម្ភាសន៍ដើម្បីស្វែងរកពលករដែលអាចនឹងមានគ្រោះថ្នាក់បាន។

លើសពីនេះទៅទៀត នៅក្នុងករណីជាច្រើន និយោជកបានប្រើប្រាស់ភាគីទីបី ដើម្បីធ្វើការងារទាក់ទងនឹងឯកសាររបស់ពលករចំណាកស្រុក។ និយោជកតែងតែចង់ស្វែងរកសេវាកម្មពីឈ្មួញកណ្ដាល ដែលនាំឱ្យពលករមានការចំណាយបន្ថែមទៀតលើប្រតិបត្តិការផ្សេងៗ ធ្វើឱ្យពលករពិបាកក្នុងការចរចាការងារ និងនាំឱ្យមានការបង្ខាំងទុកឯកសារ។ ពលករដែលត្រូវបានគេបង្ខាំងឯកសារទុក និងអាចបាត់បង់លទ្ធភាពក្នុងការផ្លាស់ប្ដូរនិយោជក ព្រោះការចេញពីការងាររបស់ពួកគេមានន័យថាគេនឹងបាត់បង់រាល់ឯកសារផ្លូវច្បាប់ទាំងអស់ ហើយពួកគេនឹងក្លាយជាជនខុសច្បាប់ ហើយនិងងាយរងគ្រោះ។

ការការពារពលករនេសាទពីការរំលោភបំពាន អាចត្រូវបានធានាតាមរយៈការផ្ដល់សច្ចាប័នពីរដ្ឋាភិបាលលើកិច្ចការអនុសញ្ញានេសាទរបស់អង្គការពលកម្មអន្តរជាតិ ILO (C188) ដែលបានកំណត់ស្ដង់ដារពលកម្មអប្បបរមា ដើម្បីលើកកំពស់សុវត្ថិភាព សុខភាព និងការថែទាំសុខភាព សម្រាប់ពលករនៅលើនាវានេសាទ។ ចំណុចនេះក៏អាចនឹងធានាបានថាពលករនេសាទនឹងទទួលបាននូវកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរ និងការការពារសន្តិសុខសង្គមដូចគ្នានឹងពលករជនជាតិថៃដែរ។ ប្រទេសថៃបានបោះជំហ៊ានសំខាន់ៗជាច្រើនរួចហើយ ដើម្បីឆ្ពោះទៅរកការផ្ដល់សច្ចាប័ន តាមរយៈការរៀបចំកិច្ចប្រជុំត្រីភាគីដំបូង  និងសវនាការសាធារណៈមួយចំនួន។ ទោះជាយ៉ាងនេះក្ដី សច្ចាប័ននេះអាចនឹងត្រូវបរាជ័យដោយសមាគមនេសាទជាតិថៃ (NFAT) ស្នើឱ្យមានការលើកលែងចំពោះពលកម្មកុមារ ដើម្បីអនុញ្ញាតឱ្យកុមារអាយុ១៦ឆ្នាំ អាចធ្វើការនៅលើនាវានេសាទបាន។ ចំណុចនេះបានផ្ទុយទៅនឹងអនុសញ្ញាលេខ ១៨២ របស់អង្គការពលកម្មអន្តរជាតិ ស្ដីពីទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ ដែលត្រូវបានផ្ដល់សច្ចាប័នដោយប្រទេសថៃរួចហើយ។

អង្គការសង្គមស៊ីវិលចំនួន៣០ បានចុះហត្ថលេខារួមលើសេចក្ដីថ្លែងការណ៍ទាក់ទងនឹងការផ្ដល់សច្ចាប័នលើអនុសញ្ញាទាក់ទងនឹងការនេសាទនាឆ្នាំ ២០០៧ (លេខ ១៨៨) ដែលអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃបន្តការខិតខំប្រឹងប្រែងក្នុងការធ្វើសច្ចាប័នដើម្បីធានានូវការការពារពលករពីការកេងប្រវ័ញ្ច និងការផ្ដល់នូវយន្តការការពារពីទាសភាពបំណុល និងពលកម្មដោយបង្ខំ។

យើងក៏បានត្រួតពិនិត្យលើការអភិវឌ្ឍន៍នៃស្ថានភាពផងដែរ។ នៅក្នុងក្របខណ្ឌរបស់គម្រោង MIG-RIGHT និងគម្រោង MIGRA ACTION ដែលផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប យើងបានគាំទ្រការជួបប្រជុំនៅក្នុងសហគមន៍ដែលងាយរងគ្រោះ ដើម្បីផ្ដល់​ឱកាសដល់អ្នកធ្លាប់ជាពលកររងគ្រោះ ឱ្យចែករំលែករឿងរ៉ាវរបស់ពួកគេជាមួយនឹងក្រុមនៅក្នុងសហគមន៍ដើម្បីលើកកម្ពស់ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។ មានអតីតអ្នកនេសាទជាច្រើនបានចូលរួមការប្រជុំរបស់ពួកយើង ដើម្បីផ្ដល់នូវសក្ខីភាព ដែលពួកគេបានជួបប្រទះផ្ទាល់នៅពេលដែលពួកគេធ្វើការនៅលើនាវានេសាទ។ យើងក៏លើកទឹកចិត្តដល់ពលករចំណាកស្រុកទាំងនោះឱ្យដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរ ហើយយើងក៏បានផ្ដល់នូវការប្រឹក្សាផ្នែកផ្លូវច្បាប់ដោយឥតគិតថ្លៃ នឹងការតាមដានលើករណីបណ្ដឹងរបស់ពួកគេផងដែរ។ ជាចុងក្រោយ យើងលើកកម្ពស់នូវគំនិតផ្ដួចផ្ដើមនៃការគាំទ្រ ដើម្បីការពារសិទ្ធិរបស់ជនចំណាកស្រុកនៅក្នុងឧស្សាហកម្មនេសាទ (សូមទៅមើលផ្នែក Advocacy)។

សូមអានអំពីសក្ខីកម្មរបស់ ទូច ដែលជាអតីតពលករនេសាទដែលបានរួចផុតពីសេចក្ដីស្លាប់។