នៅក្នុងប្រទេសមាន ៥០% នៃប្រជាជនដែលមានអាយុក្រោម ២៥ឆ្នាំ បានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារល្អធ្វើ ដែលជាជម្រើសតែមួយគត់ក្នុងការរើខ្លួនចេញពីភាពក្រីក្ររបស់យុវជនកម្ពុជា ដែលនៅក្នុងតំបន់ដាច់ស្រយាល។ ជាការពិត មួយភាគបី នៃកម្លាំងពលកម្មរបស់ប្រទេសកម្ពុជាបានធ្វើចំណាកស្រុកទៅបរទេសដើម្បីស្វែងរកការងារធ្វើ។ ជនជាតិកម្ពុជាជាច្រើនបានចាកចេញពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ដូចជាកូនប្រុស កូនស្រីជាដើម ដើម្បីស្វែងរកការងារដែលបានប្រាក់កម្រៃសមរម្យមួយនៅឯបរទេស ដោយសង្ឃឹមថាពួកគេនឹងអាចលើកកម្ពស់ជីវភាពអ្នកនៅផ្ទះ និងផ្ដល់អនាគតល្អមួយសម្រាប់កូនៗរបស់ពួកគេ។

កង្វះឱកាសការងារ ចំណូលមិនទៀងទាត់ អត្រាគ្មានការងារធ្វើខ្ពស់ និងកង្វះខាតការទទួលបានការអប់រំ គឺជាកត្តាមួយចំនួនដែលធ្វើឱ្យពលករដែលមានជំនាញតិចតួចធ្វើការចំណាកស្រុក។ បន្ថែមលើនេះ លក្ខណៈអាក្រក់នៃអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ និងការជាប់បំណុល គឺជាមូលហេតុដែលគ្រួសារទាំងនោះបង្ខំចិត្តឆ្លងដែន ដើម្បីស្វែងរកការងារ។ នៅក្នុងករណីជាច្រើន​ ពលករទាំងនោះចេញទៅដោយទុកកូនៗរបស់ពួកគេជាមួយជីដូនជីតាដែលនៅផ្ទះ ហើយពួកគេបានផ្ញើប្រាក់ប្រចាំខែសម្រាប់អ្នកនៅផ្ទះដោះស្រាយបញ្ហាជីវភាព។

ជាង ៧០% នៃពលករចំណាកស្រុកកម្ពុជាបានផ្ញើប្រាក់ទៅកាន់គ្រួសាររបស់ពួកគេនូវទឹកប្រាក់សរុបប្រមាណ ០.៣ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០១៦។ ប្រាក់បញ្ញើទៀងទាត់ទាំងនេះ បានជួយគ្រួសាររបស់ពួកគេក្នុងការលើកកម្ពស់ជីវភាព ព្រោះគេអាចវិនិយោគលើអាជីវកម្មខ្នាតតូច ទទួលបានការថែទាំងសុខភាពប្រសើរជាងមុន ជួយឱ្យកូនៗរបស់ពួកគេបានទទួលការអប់រំល្អ និងជួយកាត់បន្ថយពលកម្មកុមារ។

ការចុះសហគមន៍របស់ពួកយើងបានបង្ហាញថា នៅក្នុងករណីមួយចំនួននៃប្រាក់បញ្ញើគឺជាប្រាក់ចំណូលតែមួយគត់របស់គ្រួសារនៅពីក្រោយ។ ដូច្នេះហើយ ការប្រែប្រួលច្បាប់ទាក់ទងនឹងស្ថានភាពរបស់ពលករនៅក្នុងប្រទេសថៃបានធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់គ្រួសាររបស់ពួកគេដែលនៅក្នុងប្រទេសកម្ពុជា ហើយអាចនឹងបង្កបញ្ហាដល់ការរស់នៅរបស់ពួកគេ ដូចជា៖ ធ្វើឱ្យពួកគេមិនអាចសងបំណុលឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធ្វើឱ្យដីនិងទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានរឹបអូស។ នៅឆ្នាំ ២០១៧ ព្រះរាជក្រឹត្យព្រះរាជាថៃស្ដីពីការគ្រប់គ្រងពលករចំណាកស្រុកបានបង្កឱ្យពលករខុសច្បាប់ជាច្រើនចាកចេញពីប្រទេសថៃ ដែលស្រដៀងគ្នានឹងករណីនៅឆ្នាំ ២០១៤ ដែរ ដោយគ្រាន់តែមានចំនួនតិចជាងប៉ុណ្ណោះ។ គោលបំណងនៃវិធានការនេះគឺដើម្បីធ្វើឱ្យនីតិវិធីមានស្តង់ដារ និងដើម្បីដាក់ពលករខុសច្បាប់ទាំងអស់ឱ្យស្ថិតនៅក្រោមដំណើរការអនុស្សរណៈយោគយល់ (MoU)។ នៅក្នុងពេលនោះ យើងបានសង្កេតឃើញនៅក្នុងក្រុមជួយខ្លួនឯងថា ពលករចំណាកស្រុកជាច្រើនបានត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីរៀបចំឯកសារឱ្យក្លាយជាពលករស្របច្បាប់វិញ។ ទោះបីជាពលករមួយចំនួនបានជោគជ័យក៏ដោយ ក៏មានការរំលោភបំពានជាច្រើនត្រូវបានគេសង្កេតឃើញ ជាពិសេសករណីដែលពលករត្រូវបានគេយកថ្លៃដំណើរការឯកសារខ្ពស់ហួសហេតុ ឬក៏ត្រូវរង់ចាំអស់រយៈពេលដ៏យូរសម្រាប់ដំណើរការឯកសារពួកគេ។ នៅពេលហួសថ្ងៃកំណត់ ពោលគឺនៅចុងខែមិថុនា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលថៃបានប៉ាន់ស្មានឃើញថា នៅមានពលករកម្ពុជាចំនួនប្រហែល ១០០០០ នាក់នៅក្នុងប្រទេសថៃនៅដើមខែកក្កដា ឆ្នាំ ២០១៨។ ការបណ្ដេញចេញពីប្រទេសថៃ និងការពិន័យជាប្រាក់ក៏បានចាប់ផ្ដើមអនុវត្ត។ លទ្ធផលនៃវិធានការនេះមកលើគ្រួសារពួកគេនៅឯស្រុកខ្មែរនឹងត្រូវបានគេសិក្សានៅពេលខាងមុខ។

ក្រៅពីការពឹងផ្អែកលើប្រាក់បញ្ញើ ក៏មានបញ្ហាមួយទៀតដែរដែលប៉ះពាល់ដល់គ្រួសារនៃពលករចំណាកស្រុក។ ការធ្វើចំណាកស្រុករបស់ឪពុកម្ដាយអាចបណ្ដាលឱ្យមានបញ្ហាសេដ្ឋកិច្ច សង្គម សុខភាព និងបញ្ហាផ្លូវចិត្តដល់គ្រួសារនៅពីក្រោយ។ មនុស្សចាស់ កូនក្មេង និងស្ត្រី នឹងត្រូវពឹងផ្អែកខ្លួនឯង ដែលធ្វើឱ្យបន្ទុកទំនួលខុសត្រូវកាន់តែធ្ងន់ធ្ងរ ទាំងការងារ និងកិច្ចការផ្ទះ។ ក្នុងនាមជាសមាជិកនៃគ្រួសារដែលត្រូវព្រាត់ប្រាសគ្នាដោយការធ្វើចំណាកស្រុក ធ្វើឱ្យពួកគេរឹតតែងាយនឹងទទួលរងគ្រោះ។ ស្ត្រីនិងកុមារីគឺត្រូវបានគេព្រួយបារម្ភជាខ្លាំងដោយសារតែឱកាសក្នុងការទទួលបានការអប់រំ និងការធ្វើការងារក្រៅផ្ទះ នឹងត្រូវបានកាត់បន្ថយ។ ហើយដោយសារតែការធ្វើកសិកម្មត្រូវបានប៉ះពាល់ដោយអាកាសធាតុមិនទៀងទាត់ វារឹតតែធ្វើឱ្យមានការលំបាកកាន់តែខ្លាំងសម្រាប់គ្រួសារដែលមានស្ត្រីជាអ្នកទទួលខុសត្រូវ ក្នងការធានាឱ្យមាននូវប្រាក់ចំណូលគ្រប់គ្រាន់នៅពេលដែលគ្មានវត្តមានរបស់សមាជិកសកម្មក្នុងគ្រួសាររបស់គេ។

ការធ្វើចំណាកស្រុករបស់ឪពុកម្ដាយក៏អាចមានឥទ្ធិពលអាក្រក់ដល់ការអប់រំរបស់កុមារផងដែរ។ អវត្តមាននៃអ្នកថែទាំសំខាន់ៗអាចរារាំងការថែទាំផ្ទាល់ខ្លួន បង្កើនលទ្ធភាពឱ្យក្មេងៗនៅពីក្រោយទាំងនោះបោះបង់ចោលការសិក្សា ឬពន្យាពេលចុះឈ្មោះចូលរៀន។ ជីដូនជីតាពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការថែទាំកុមារតូចៗបានល្អឡើយ។ ការជួយបណ្ដុះបណ្ដាលចំណេះដឹងដល់ចៅៗរបស់ពួកគេក៏មិនមែនជារឿងងាយដែរ ជាពិសេស នៅពេលដែលពួកគាត់ជាអ្នកថែទាំតែឯង ហើយជាអ្នកមានឥទ្ធិពលសម្រាប់ក្មេង៤ ឬ៥ នាក់ឯទៀត។ នៅក្នុងលក្ខខណ្ឌគ្រួសារបែបហ្នឹង ក្មេងៗដែលពុំទទួលបានការយកចិត្តទុកដាក់ត្រឹមត្រូវអាចនឹងប្រឈមមុខនឹងការរំលោភបំពាននិងអំពើហិង្សាផ្លូវភេទ។

យើងបានដឹងយ៉ាងច្បាស់អំពីបញ្ហាប្រឈមប្រចាំថ្ងៃរបស់គ្រួសារនៅពីក្រោយ។ ៧០ភាគរយ នៃអ្នកចូលរួមក្នុងការប្រជុំរបស់ក្រុម ជួយខ្លួនឯង គឺជាស្ត្រីដែលភាគច្រើនមានវ័យចំណាស់។ ជីដូនទាំងនេះបានសារភាពថា វាជាការលំបាកណាស់សម្រាប់ពួកគាត់ក្នុងការបញ្ជូនចៅៗទៅសាលាខណៈដែលគាត់ត្រូវធ្វើការដែរ។ ពួកគេមិនមានលទ្ធភាពទទួលបានសេវាកម្មសង្គម និងសុខភាពមូលដ្ឋាន។ ជួនកាលពួកគាត់បានទទួលដំណឹងតិចតួច ឬជួនកាលគ្មានដំណឹងផងអំពីកូនៗរបស់ពួកគាត់ដែលធ្វើការនៅបរទេស ហេតុដូច្នេះហើយពួកគាត់តែងតែព្រួយបារម្ភខ្លាចមានរឿងមិនល្អកើតឡើងចំពោះកូនៗរបស់ពួកគាត់ ដែលអាចធ្វើឱ្យគាត់កាន់តែឯកោ និងមានជំងឺបាក់ទឹកចិត្ត។ នៅក្នុងសហគមន៍គោលដៅទូទាំងខេត្តចំនួន ៧ យើងបានជួបជាមួយនឹងពលករចំណាកស្រុកដែលទើបតែត្រឡប់មកវិញថ្មីៗជាមួយនឹងគ្រួសាររបស់ពួកគេ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយសេចក្ដីលំបាករបស់ពួកគេ យើងបានផ្ដល់នូវវេទិកាមួយ ដើម្បីលើកកម្ពស់ការយល់ដឹងនិងពង្រឹងចំណេះដឹងអំពីការធ្វើចំណាកស្រុកមានសុវត្ថិភាព និងការទទួលបាននូវសេវាកម្មដើម្បីជួយដោះស្រាយតម្រូវការរបស់គ្រួសារដែលនៅផ្ទះ។​ នៅក្នុងអំឡុងពេលប្រជុំរបស់ក្រុមជួយខ្លួនឯង យើងបានលើកទឹកចិត្តអ្នកភូមិឱ្យចូលរួមចែករំលែកបទពិសោធន៍ និងជួយសម្រួលដើម្បីឱ្យមានការទទួលបាននូវព័ត៌មានច្បាស់លាស់ តាមរយៈការចែកចាយនូវលេខទូរស័ព្ទ និងព័ត៌មានទំនាក់ទំនងរបស់អង្គការក្រៅរដ្ឋាភិបាលជាដៃគូ និងអាជ្ញាធររដ្ឋាភិបាល ដែលគេអាចទាក់ទងបាននៅពេលដែលពួកគេត្រូវការ។

 

ដើម្បីស្វែងយល់បន្ថែម សូមអានសក្ខីកម្មរបស់សារុំ និងលោកស្រី ស្រិប