នៅថ្ងៃទី ៣០ ខែមករា រាជរដ្ឋាភិបាលថៃបានប្រកាសពីការផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៨ របស់អង្គការពលកម្មអន្តរជាតិ (ILO) ស្ដីពីការនេសាទ ដែលបានកំណត់នូវតម្រូវការកាតព្វកិច្ចទាក់ទងនឹងស្ដង់ដារការងារសមរម្យនៅក្នុងវិស័យនេសាទ។ ប្រទេសថៃគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើអនុសញ្ញានេះ ដែលនឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ពោលគឺមួយឆ្នាំបន្ទាប់ពីការផ្ដល់សច្ចាប័ន។ គេរំពឹងថា នៅលើនាវានេសាទនឹងមានលក្ខណ្ឌរស់នៅប្រសើរជាងមុន ព្រោះពលករនេសាទពេលនេះមានមូលដ្ឋានច្បាប់មួយផ្នែកទៀត ដើម្បីការពារនិងកែលម្អលក្ខណ្ឌការងាររបស់ពួកគេ។

អនុសញ្ញាលេខ ១៨៨ មានគោលបំណងរារាំងទម្រង់ការងារ ដែលមិនសមរម្យជូនពលករនេសាទ ជាពិសេសពលករចំណាកស្រុក។ អនុសញ្ញានេះបានផ្ដល់ជូននូវបទបញ្ជាសម្រាប់ដំណើរការជ្រើសរើសនិងការស៊ើបអង្កេតលើពាក្យបណ្ដឹងរបស់ពលករនេសាទ។ លើសពីនេះទៅទៀត អនុសញ្ញានេះ បានកំណត់ស្តង់ដារអប្បបរមា ទាក់ទងនឹងលក្ខណ្ឌសេវាកម្ម កន្លែងស្នាក់នៅ និងអាហារ សុវត្ថិភាពការងារ និងការការពារសុខភាព ការថែទាំសុខភាពនិងសន្តិសុខសង្គម។ ចំណុចនេះនឹងជួយបង្កើតឱ្យមានបរិយាកាសអំណោយផលមួយដើម្បីការពារពលកម្មដោយបង្ខំ ការជួញដូរ និងការរំលោភបំពាន ឬកេងប្រវ័ញ្ចគ្រប់ទម្រង់ទាំងអស់។

វិស័យនេសាទថៃ ដែលត្រូវបានគេស្គាល់ថាជាវិស័យដែលល្បីល្បាញខាងរំលោភបំពានខ្លាំងជាងគេមួយ វិស័យនេះមានពលករធ្វើការចំនួន ៦០០,០០០ នាក់ ដែលពលករភាគច្រើនគឺជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ។ ប្រជាជនកម្ពុជានៅក្នុងប្រទេសថៃត្រូវបានគេប៉ាន់ស្មានថាមានចំនួន មួយលាននាក់ ដែលជាក្រុមអ្នកចំណាកស្រុកធំជាងគេទីពីរ។

សច្ចាប័ននេះតំណាងឱ្យឱកាសដ៏ល្អ ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវស្តង់ដារវិស័យពាណិជ្ជកម្មនេសាទថៃ។

លោក Guy Ryder អគ្គនាយកអង្គការពលកម្មពិភពលោក បានមានប្រសាសន៍ថា “ប្រទេសថៃកំពុងតែធ្វើជាគំរូដ៏ល្អមួយនៅក្នុងតំបន់ដែលជាប្រទេសដំបូងគេនៅអាស៊ីដែលផ្តល់សច្ចាប័នដល់អនុសញ្ញាដ៏សំខាន់នេះ” ។ លោក Ryder បានបន្ថែមថា៖ «ខ្ញុំទន្ទឹងរង់ចាំដល់បណ្តាប្រទេសអាស៊ីផ្សេងទៀតក្នុងពេលឆាប់ៗខាងមុខនេះជាពិសេសក្នុងពេលដែលអង្គការពលកម្មពិភពលោកមានគោលដៅ ដើម្បីសម្រេចបាននូវចំនួនប្រទេសផ្ដល់សច្ចាប័នកាន់តែច្រើននៅលើកទី១ក្នុងសតវត្សរ៍របស់យើងនេះ»។

គណៈកម្មការសហភាពអឺរ៉ុបក៏បានអបអរសាទរប្រទេសថៃចំពោះការប្ដេជ្ញាចិត្តជាលក្ខណៈអន្តរជាតិនេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ គណៈកម្មការសហភាពអឺរ៉ុប បានសង្កត់ធ្ងន់លើ «កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាជួញដូរមនុស្ស និងការកែលម្អលក្ខខណ្ឌការងារនៅក្នុងវិស័យនេសាទ។ បើទោះបីមិនមែនជាផ្នែកមួយនៃកិច្ចសន្ទនាទ្វេភាគីស្ដីពីការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនមានការគ្រប់គ្រងត្រឹមត្រូវក៏ដោយ ក៏គណៈកម្មការសហភាពអឺរ៉ុបជាមួយនឹង European External Action Service បានចូលរួមដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងពលកម្មដោយបង្ខំ នៅក្នុងវិស័យនេសាទ ជាមួយអាជ្ញាធរថៃ»។

គណៈកម្មការអឺរ៉ុបក៏បានលុបចោល «កាតពណ៌លឿង» ដែលខ្លួនបានដាក់ឱ្យអនុវត្តចាប់តាំងពីខែមេសាឆ្នាំ 2015 ពោលគឺជាការព្រមានមួយពីសហភាពអឺរ៉ុប ដែលនៅពេលនោះប្រទេសថៃមិនបានដោះស្រាយបញ្ហានេសាទខុសច្បាប់ ដែលគ្មានរបាយការណ៍ និងមិនមានការគ្រប់គ្រងត្រឹមត្រូវឡើយ។

យោងទៅតាមក្រសួងការបរទេសថៃ «វិធានការទាំងនេះនឹងអាចទាក់ទាញពលករបន្ថែមទៀតឱ្យចូលមកក្នុងវិស័យនេសាទ ហើយជាលទ្ធផលនឹងជួយកាត់បន្ថយកង្វះខាតកម្លាំងពលកម្មនៅក្នុងវិស័យនេះ»។ គេបានរំពឹងទុកថា ការពង្រឹងផ្នែកផ្លូវច្បាប់នឹងចាប់ផ្ដើមនៅត្រឹមពាក់កណ្ដាលឆ្នាំ ២០១៩។ នៅពេលបច្ចុប្បនេះ បទបញ្ញត្តិដែលមានស្រាប់របស់ប្រទេសថៃអំពីភ្នាក់ងារផ្សេងៗកំពុងតែស្របគ្នានឹងបទបញ្ញត្តិ ៨០% នៃអនុសញ្ញានេះហើយ។

រហូតមកដល់ពេលនេះ អនុសញ្ញាអង្គការពលកម្មអន្តរជាតិ (ILO) ស្ដីពីការនេសាទត្រូវបានផ្ដល់សច្ចាប័នដោយប្រទេសចំនួន ១៤ តែប៉ុណ្ណោះ ដូចជា៖ ប្រទេសអង់ហ្គោឡា ប្រទេសអាហ្សង់ទីន ប្រទេស ប៊ូសនៀនិងហ៊ឺហ្សេហ្គូវីណា ប្រទេសកុងហ្គោ ប្រទេសអេសតូនៀ ប្រទេសបារាំង ប្រទេសលីទុយអានី ប្រទេសម៉ារ៉ុក​ ប្រទេសណាមីបៀ ប្រទេសណសវ៉េ ប្រទេសសេនេហ្គាល់ ប្រទេសអាហ្វ្រិកខាងត្បូង ចក្រភពអង់គ្លេស និងប្រទេសថៃ។

សម្រាប់ព័ត៌មានបន្ថែម:  

https://www.ilo.org/global/about-the-ilo/newsroom/news/WCMS_666581/lang–en/index.htm

http://europa.eu/rapid/press-release_IP-19-61_en.htm

http://www.mfa.go.th/main/en/news3/6886/96905-Thailand-ready-to-Ratify-ILO%E2%80%99s-Work-in-Fishing-Con.html