អត្ថបទស្រាវជ្រាវឈ្មោះថា «ការធ្វើចំណាកស្រុកនិងការរៀបចំបណ្តាញប្រាក់បញ្ញើ និងការគ្រប់គ្រងប្រាក់បញ្ញើក្នុងប្រទេសកម្ពុជា៖ ករណីក្នុងខេត្តចំនួនបី» បានសិក្សាលើឥរិយាបថបញ្ញើប្រាក់របស់ពលករចំណាកស្រុកកម្ពុជា និងឥទ្ធិពលនៃប្រាក់បញ្ញើមកលើការចិញ្ចឹមជីវិតរបស់គ្រួសារពួកគេ។ ទិន្នន័យបឋមសម្រាប់ការវិភាគត្រូវបានប្រមូលតាមរយៈការស្ទង់មតិគ្រួសារពលករចំណាកស្រុកចំនួន ៥០០ គ្រួសារ ដែលបានធ្វើឡើងក្នុងខេត្តបី គឺខេត្តបន្ទាយមានជ័យ សៀមរាប និងបាត់ដំបង ក្នុងខែកញ្ញា ឆ្នាំ​ ២០១៥។ ការស្រាវជ្រាវនេះគឺជាផ្នែកមួយនៃគម្រោង MIGRA-SAFE ដែលត្រូវបានសហឧបត្ថម្ភដោយសហភាពអឺរ៉ុប។

តាមរយៈការវិភាគប្រៀបធៀបមុននិងបន្ទាប់ពីធ្វើចំណាកស្រុក ការស្រាវជ្រាវនេះបានបង្ហាញពីឥទ្ធិពលវិជ្ជមាននៃលំហូរនៃការធ្វើចំណាកស្រុកមកលើជីវភាពរស់នៅរបស់គ្រួសារពលករចំណាកស្រុក ដូចជា ការជួយបំពេញតម្រូវការមូលដ្ឋានរបស់គ្រួសារ ការកែលម្អស្ថានភាពរស់នៅរបស់គ្រួសារ​ និងលទ្ធភាពក្នុងទទួលបានការថែទាំសុខភាពប្រសើរជាងមុន។ អ្នកស្រាវជ្រាវក៏បានរកឃើញដែរថាការធ្វើចំណាកស្រុកអាចជាប់ទាក់ទងនឹងការបម្រែបម្រួលវិជ្ជមានលើការខ្ចីនិងការសន្សំ ដោយមានការផ្លាស់ប្ដូរពីការពឹងផ្អែកហួសហេតុលើអ្នកចងការ មកប្រើប្រាស់ប្រាស់ធនាគារ មីក្រូហិរញ្ញវត្ថុ អង្គការក្រៅរដ្ឋាភិបាល ឬឥណទានសហគមន៍ ក៏ដូចជាប្រាក់ការថ្មី និងក្រុមសម្រាប់សន្សំវិញ។

ទោះជាយ៉ាងណាក៏ដោយ ការធ្វើចំណាកស្រុកក៏ទំនងជាមានផលប៉ះពាល់លើការអភិវឌ្ឍន៍របស់សហគមន៍ដែរ ដោយសារអវត្តមានផលិតភាពកម្លាំងពលកម្មដែលធ្វើឱ្យការចូលរួមរបស់សហគមន៍និងពលរដ្ឋមានការថយចុះ។ ផលប៉ះពាល់យូរអង្វែងនៃការធ្វើចំណាកស្រុកសំខាន់ៗនៅតែមិនអាចព្យាករណ៍បាន ហើយក៏មានការព្រួយបារម្ភដែរចំពោះការផ្លាស់ប្ដូរផ្នែកសង្គមរបស់ក្រុមគ្រួសារនៅផ្ទះ បន្ទាប់ពីជនចំណាកស្រុកចេញទៅឆ្ងាយ។

អ្នកស្រាវជ្រាវបានធ្វើសេចក្ដីសន្និដ្ឋានថា គំនិតផ្ដួចផ្ដើមក្នុងតំបន់ ដូចជាការអភិវឌ្ឍន៍ប្រព័ន្ធអប់រំ ដែលផ្ដោតលើជំនាញវិជ្ជាជីវៈ និងទម្រង់ថ្មីនៃការចូលរួមផ្នែកសង្គមនិងសេដ្ឋកិច្ចក្នុងជីវិតសហគមន៍ កំពុងតែក្លាយជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចដ៏សំខាន់។ ចំណុចទាំងនេះអាចនឹងនាំឱ្យមានដើមទុនក្នុងរយៈពេលខ្លី និងការវិនិយោគជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍន៍បន្ថែមទៀតរបស់សហគមន៍ រួមជាមួយការបង្កើតឱកាសការងារថ្មីៗសម្រាប់យុវជន។

សូមអានអត្ថបទស្រាវជ្រាវទាំងមូល៖ ការធ្វើចំណាកស្រុកនិងការរៀបចំបណ្តាញប្រាក់បញ្ញើ និងការគ្រប់គ្រងប្រាក់បញ្ញើក្នុងប្រទេសកម្ពុជា៖ ករណីក្នុងខេត្តចំនួនបី»

ទាញយកនៅទីនេះ