អង្គការ​​អន្តរជាតិទេ​សន្តរប្រវេសន៍​ (IOM) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​​សំណុំ​ឯកសារ​ថ្មីៗ​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​បង្កើត និង​អ្នក​អនុវត្ត​​គោល​នយោបាយ ជាមួយ​នឹង​​ទិសដៅ​ច្បាស់លាស់​អំពី​របៀប​ផ្ដល់​ជំនួយ និង​ការ​គាំពារ​ដល់​​ទេសន្តរជន​ងាយរងគ្រោះ។ ឧបករណ៍​ទាំងនេះ​មាន​គោលបំណង​គាំទ្រ និង​កែលម្អ​​ការ​កំណត់​នូវ​ភាព​ងាយ​រងគ្រោះ​ទាំងឡាយ​ដែល​​ពាក់ព័ន្ធ​នឹង​​ទេសន្តប្រវេសន៍ ជាពិសេស​នៅ​ក្នុង​ករណី​អំពើ​ហិង្សា ការ​ធ្វើ​អាជីវកម្ម និង​ការ​រំលោភ​បំពាន។

“ទេសន្តរជន​ដែល​​បាន​ទទួល​រង​អំពើ​ហិង្សា ការ​ធ្វើ​អាជីវកម្ម និង​ការ​រំលោភ​បំពាន តែង​តែ​តស៊ូ​ដើម្បី​ទទួល​បាន​ជំនួយ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ធូរស្បើយ​មកវិញ” នេះ​ជា​សម្ដី​របស់​លោក​ ម៉ាធៀវ លូស៊ានណូ (Mathieu Luciano) ប្រធាន​អង្គភាព​ជំនួយ​​ទេសន្តរជន​​ងាយ​រងគ្រោះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​សារព័ត៌មាន។ លោក លូស៊ានណូ បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា “យើង​មាន​ទំនុក​ចិត្ត​ថា សេចក្ដី​ណែនាំ​ថ្មីនេះ នឹង​​គាំទ្រ​ដល់​បណ្ដា​រដ្ឋ​ អង្គការ​អន្តរជាតិ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​កែលម្អ​​ការ​គាំពារ និង​ជំនួយ​ដល់​​ទេសន្តរជន​ដែល​ងាយ​រង​គ្រោះពី​អំពើ​ហិង្សា និងការ​​ធ្វើ​អាជីវកម្ម”។

សំណុំ​ឯកសារ​​រួមមាន​ដូចជា៖

  • សៀវភៅ​ណែនាំ​របស់ IOM ស្ដីពី​​ការ​គាំពារ និង​ជំនួយ​សម្រាប់​​ទេសន្តរជន​​ងាយរងគ្រោះ​ពី​អំពើ​ហិង្សា ការ​ធ្វើ​អាជីវកម្ម និង​ការ​​រំលោភ​បំពាន។
  • សេចក្ដី​ណែនាំ​របស់ IOM ស្ដីពី​​យន្តការ​បញ្ជូន​សម្រាប់​ការ​គាំពារ និង​ជំនួយ​សម្រាប់​​ទេសន្តរជន​​ងាយរងគ្រោះ​ពី​អំពើ​ហិង្សា ការ​ធ្វើ​អាជីវកម្ម និង​ការ​រំលោភ​បំពាន និង​ជន​រងគ្រោះ​ការ​ជួញដូរ។
  • សេចក្ដី​ណែនាំ​របស់ IOM ស្ដីពី​​ផែនការ​ឆ្លើយតប​សម្រាប់​ទេសន្តរជន​ងាយរងគ្រោះ​ពី​អំពើ​ហិង្សា ការ​ធ្វើ​អាជីវកម្ម និង​​ការ​រំលោភ​បំពាន។

ចូល​ប្រើប្រាស់​ការ​បោះពុម្ភ​ផ្សាយ​របស់ IOM ទីនេះ