កូវីដ -១៩ បង្កើតបានជាការគំរាមកំហែងថ្មីមួយដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សន្តិសុខស្បៀង និងសុខភាពនៅកម្ពុជាកាន់តែអាក្រក់ទៅៗ។ គម្រោងជំនួយស្ម័គ្រចិត្តរបស់សហភាពអឺរ៉ុប ឆ្លើយតប យ៉ាងសកម្មចំពោះគ្រាអាសន្ននេះ ដោយការគាំទ្រការអន្តរាគមន៍របស់អង្គការវីវើល ជីវីស៊ី នៅខេត្ត សៀមរាប។

ចាប់តាំងពីការចាប់ផ្តើមរីករាលដាលនៃជំងឺនេះមក មនុស្សរាប់ពាន់នាក់បានបាត់បង់ការងាររបស់ ពួកគេ នៅពេលដែលអតីតជនចំណាកស្រុកត្រូវបានបង្ខំឱ្យវិលត្រឡប់ទៅផ្ទះវិញ ហើយវិស័យ ទេសចរណ៍បានដួលរលំ។ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២១ ពលករចំណាកស្រុកកម្ពុជាជាង ១៥ ម៉ឺននាក់ បានវិលត្រឡប់មកពីបរទេសទាំងតាមបណ្តាញស្របច្បាប់ និងមិនស្របច្បាប់។ នៅពេលឆ្លងកាត់ព្រំដែនមកកម្ពុជា ពលករចំណាកស្រុកឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅមណ្ឌលដាច់ដោយឡែក។ មនុស្សជាច្រើននឹងមិនអាចវិលត្រឡប់ទៅប្រទេស ថៃវិញ បានទេ ដោយសារតែការរឹតត្បិតព្រំដែននិងការចល័ត។ គ្រួសារទាំងមូលបាត់បង់ប្រភពចំណូល តែមួយគត់របស់ពួកគេ។

លោកស្រីពៅ អ៊ីត មកពីភូមិស្វាយប៉ោក បានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយសារនាងបាត់បង់ ការងារដែលបណ្តាលមកពីជំងឺកូវីដ ១៩ ។ “ ឥឡូវនេះសេដ្ឋកិច្ចគ្រួសារខ្ញុំមិនរីកចម្រើនទេ។ ខ្ញុំមិនអាច រកការងារធ្វើបានទេ។ ខ្ញុំបានរកការងារសំណង់ធ្វើដែរ ប៉ុន្តែពួកគេត្រូវការតែបុរសមិនត្រូវការស្ត្រីទេ។ សព្វថ្ងៃនេះពិបាកណាស់”។

ក្តីសុបិន្តរបស់លោកវឿន រ៉ាវុធ អំពីការសាងសង់ផ្ទះសម្រាប់គ្រួសារវ័យក្មេងរបស់គាត់ ទៅជាលែង មានន័យ។ “ខ្ញុំមានគម្រោងទៅប្រទេសថៃ ដើម្បីធ្វើការជាមួយប្រពន្ធខ្ញុំ។ ប៉ុន្តែដោយសារជំងឺកូវីដ ១៩ យើងមិនអាចទៅបានទេ។ ក្តីសង្ឃឹមរបស់ខ្ញុំគឺរកប្រាក់ចំនូលឱ្យបានគ្រប់គ្រាន់សម្រាប់សាងសង់ផ្ទះ” ។ គាត់​និយាយ​ថា “កាលពីមុនយើងអាចធ្វើចំណាកស្រុកទៅប្រទេសថៃបាន។ ឥឡូវនេះយើងមិនអាច ទៅបានទេ។ ខ្ញុំមិនដឹងថាថ្ងៃអនាគតនឹងទៅជាយ៉ាងណាទេ។ ខ្ញុំ​អត់មាន​អ្វី​ទាំងអស់។ ដោយសារ កូវីដ-១៩ ខ្ញុំបានបាត់បង់ការងារ” ។

អ៊ីត និងរ៉ាវុធបានចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំដោយបុគ្គលិកអង្គការវីវើល ជីវីស៊ី នៅក្នុងភូមិ របស់ពួកគេ។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរីករាលដាលមក អង្គការវីវើល ជីវីស៊ី រួមជាមួយ ជំនួយស្ម័គ្រចិត្តរបស់សហភាពអឺរ៉ុប គាំទ្រយ៉ាងសកម្មដល់សហគមន៍ដែលត្រូវការជំនួយ។ កិច្ច អន្តរាគមន៍នេះផ្តោតលើជនចំណាកស្រុក និងគ្រួសាររបស់ពួកគេ។ សកម្មភាពរួមមាន ការវាយតម្លៃ អំពីតម្រូវការសហគមន៍ ការធ្វើសមាហរណកម្មនៃការមកដល់ ការចែកចាយស្បៀង និងសម្ភារ អនាម័យព្រមទាំងការបណ្តុះបណ្តាលសមត្ថភាព។

សូមទស្សនាភាពយន្តខ្លីដែលទើបចាក់បញ្ចាំងថ្មីៗរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីជោគវាសនា របស់ពលករចំណាកស្រុកកម្ពុជា ក្នុងកំឡុងពេលជំងឺកូវីដ -១៩រាតត្បាត។ ភាពយន្តខ្លីនេះត្រូវបាន បង្កើតឡើងក្នុងក្របខ័ណ្ឌនៃគម្រោងការពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋានតាមរយៈសកម្មភាពរួមគ្នាកសាងសមត្ថភាព ដែលឧបត្ថម្ភថវិកាដោយជំនួយស្ម័គ្រចិត្តរបស់សហភាពអឺរ៉ុប។ ក្នុង ចំណោមគោលដៅគម្រោងផ្សេងៗគ្នា សកម្មភាពនេះមានគោលបំណងពង្រឹងភាពធន់និងការ ការពារ សហគមន៍ មូលដ្ឋាននៅភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ដែលរងផលប៉ះពាល់ ដោយបញ្ហា ទាក់ទងនឹងសន្តិសុខស្បៀង ការធ្វើចំណាកស្រុកកាន់តែធ្ងន់ធ្ងរឡើងដោយសារតែជំងឺរាតត្បាតកូវីដ -១៩ និងការបន្សាំអាកាសធាតុនៅក្នុងតំបន់។

ជាសរុបមនុស្សជាង ២៣៥០ នាក់ នៅក្នុងឃុំចំនួន១០ នៅក្នុងស្រុកពួក និងស្រុកជីក្រែងបាន ទទួល ជំនួយ។ បុគ្គលិកអង្គការវីវើល ជីវីស៊ី កំពុងតាមដានស្ថានការណ៍ហើយមានគម្រោង ចែកជូន បន្ថែម ទៀតប្រសិនបើមានតម្រូវការ។