និយមន័យ
ប្រទេសនិងអង្គការនីមួយៗប្រើប្រាស់ពាក្យខុសៗគ្នាដើម្បីពិពណ៌នាអំពីទាសភាពសម័យថ្មី។ សូម្បីតែពាក្យ «ទាសភាព» ខ្លួនឯង និងពាក្យដែលមានអត្ថន័យទាក់ទងទៅនឹងការធ្វើចំណាកស្រុកនិងសិទ្ធិការងារ ដូចជា ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ទាសភាពបំណុល រៀបការដោយបង្ខំឬដោយលក្ខណៈទាសភាព និងការកេងប្រវ័ញ្ចលើកុមារជាដើម សុទ្ធតែមានន័យខុសគ្នា។
យើងប្រកាន់យកតាមនិយមន័យរបស់សន្ធិសញ្ញាអន្តរជាតិ។ ការយល់អំពីពាក្យទាំងនេះគឺមានសារៈសំខាន់ក្នុងការកំណត់និងដោះស្រាយតម្រូវការរបស់សហគមន៍ ការកសាងគោលនយោបាយគាំទ្រ និងវិធីសាស្ត្រសម្រាប់គម្រោងផ្សេងៗ។
ការជួញដូរមនុស្ស
ការជួញដូរមនុស្សត្រូវបានកំណត់នៅក្នុងកិច្ចព្រមព្រៀង The UN Trafficking in Persons Protocol ដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀង Palermo Protocols ទាំង៣ ដែលបំពេញបន្ថែមលើ អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងប្រទេស (UN Convention Against Transnational Organized Crime) ដែលរហូតមកដល់ពេលនេះត្រូវបានផ្ដល់សច្ចាប័នដោយ ១៧៣ ប្រទេសហើយ។
ការជួញដូរមនុស្សមាន ៣ដំណាក់កាល៖
- ការជ្រើសរើស ការដឹកជញ្ជូន ការផ្ទេរ ការទទួលទុក ឬទទួលយកបុគ្គលណាមួយ
- តាមរយៈការគម្រាមកំហែង ឬការប្រើប្រាស់កម្លាំង ឬតាមរូបភាពដទៃទៀតនៃការបង្ខិតបង្ខំ ការចាប់ពង្រត់ ការក្លែងបន្លំ ការបោកប្រាស់ ឬការរំលោភអំណាចឬភាពងាយរបស់គ្រោះរបស់មុខតំណែង ឬការឱ្យឬទទួលនូវទឹកប្រាក់ ឬផលប្រយោជន៍ ដើម្បីទទួលបាននូវការយល់ព្រមរបស់មនុស្សណាម្នាក់ដែលមានអំណាចលើមនុស្សម្នាក់ទៀត។
- ជាមួយនឹងចេតនាកេងប្រវ័ញ្ចរបស់បុគ្គលណាមួយតាមរយៈ៖ អំពើពេស្យាចារលើជនដទៃ ការរំលោភបំពានផ្លូវភេទ ការធ្វើពលកម្មដោយបង្ខិតបង្ខំ ទាសភាព (ឬអំពើស្រដៀងគ្នា) ការធ្វើឱ្យអ្នកណាម្នាក់ជាខ្ញុំកញ្ជះ និងការដកហូតសរីរាង្គណាមួយ។
ការជ្រើសរើស ការដឹកជញ្ជូន ការផ្ទេរ ការទទួលទុក ឬទទួលយកកុមារដើម្បីគោលបំណងកេងប្រវ័ញ្ចត្រូវចាត់ទុកថា «ការជួញដូរមនុស្ស» បើទោះជាសកម្មភាពទាំងនេះមិនជាប់ទាក់ទងនឹងការគម្រាមកំហែង ការប្រើប្រាស់កម្លាំង ឬការបង្ខិតបង្ខំក៏ដោយ។
ពលកម្មដោយបង្ខំ
ពលកម្មដោយបង្ខំ ត្រូវបានគេឱ្យនិយមន័យនៅក្នុងអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ (ILO) ស្ដីពីពលកម្មដោយបង្ខំ ឆ្នាំ ១៩៣០ (លេខ ២៩) ថា «រាល់ការងារឬសេវាកម្មទាំងអស់ដែលទាមទារពីបុគ្គលណាម្នាក់ក្រោមការគម្រាមកំហែងនៃការពិន័យហើយដែលបុគ្គលនោះមិនបានផ្ដល់ជូនដោយស្ម័គ្រចិត្តខ្លួនឯង»។ និយមន័យនេះមិនបានរាប់បញ្ចូលសេវាកម្មកាតព្វកិច្ចយោធា កាតព្វកិច្ចធម្មតារបស់ជនស៊ីវិល ការពិន័យរបស់តុលាការដែលធ្វើឡើងក្នុងករណីបន្ទាន់ និងសេវាកម្មតូចៗរបស់សហគមន៍ឡើយ។
ទាសភាពនិងអំពើស្រដៀងនឹងទាសភាព
ពាក្យ «ទាសភាព» ត្រូវបានគេឱ្យនិយមន័យក្នុងអនុសញ្ញាស្ដីពីទាសភាពឆ្នាំ ១៩២៦ ដែលត្រូវបានគេស្គាល់ផងដែរថាជា «អនុសញ្ញាប្រឆាំងការជួញដូរទាសករនិងទាសភាព» ថាជា ឋានៈឬស្ថានភាពរបស់មនុស្សម្នាក់ដែលអំណាចណាមួយឬអំណាចទាំងអស់ជាប់នឹងសិទ្ធិនៃកម្មសិទ្ធិត្រូវបានអនុវត្តលើ។
នៅក្នុងឆ្នាំ ១៩៥៣ អនុសញ្ញាស្ដីពីទាសភាព ត្រូវបានធ្វើឱ្យប្រសើរឡើងដោយសេចក្ដីពង្រាងមួយដែលត្រូវបានធ្វើវិសោធនកម្មបន្ថែមនៅក្នុងឆ្នាំ ១៩៥៦ នៅក្នុងអនុសញ្ញាបន្ថែមស្ដីពីការលុបបំបាត់ទាសភាព។ អនុសញ្ញានេះបានឱ្យនិយមន័យពាក្យថា «អំពើស្រដៀងនឹងទាសភាព» ដោយរួមមាន៖ ទាសភាពបំណុល, រៀបការដោយបង្ខំឬដោយលក្ខណៈទាសភាព ការជួញដូរនិងកេងប្រវ័ញ្ចលើកុមារ (រួមទាំងជម្លោះប្រដាប់អាវុធ) ខ្ញុំបម្រើ និងទាសភាពតវង្សត្រកូល។
អនុសញ្ញាស្ដីពីទាសភាពពីឆ្នាំ ១៩២៦ ក៏បានអំពាវនាវឱ្យមានការទប់ស្កាត់និងបង្ក្រាបការជួញដូរទាសករ រួមទាំងការលុបបំបាត់ទាសភាពបន្តិចម្ដងៗនិងការលុបបំបាត់ទាំងស្រុងនូវទាសភាពគ្រប់ទម្រង់ទាំងអស់។
ទាសភាពបំណុល
អនុសញ្ញាបន្ថែមស្ដីពីការលុបបំបាត់ទាសភាពឆ្នាំ ១៩៥៦ (មាត្រា១ ក) បានឱ្យនិយមន័យពាក្យ «ទាសភាពបំណុល» ថា «ឋានៈ ឬស្ថានភាពដែលកើតឡើងពីការធានារបស់កូនបំណុលអំពីការផ្ដល់ជូននូវការបម្រើដោយខ្លួនឯង ឬដោយមនុស្សស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីសុវត្ថិភាពបំណុល ប្រសិនបើតម្លៃរបស់សេវាកម្មទាំងនោះត្រូវបានវាយតម្លៃហើយឃើញថាពុំអាចទូទាត់បំណុលរួច ឬរយៈពេលបំណុលនិងប្រភេទនៃសេវាកម្មពុំត្រូវបានកំណត់និងឱ្យនិយមន័យច្បាស់លាស់»។ ទាសភាពបំណុលគឺសំដៅលើស្ថានភាពមួយដែលមនុស្សម្នាក់ទទួលស្គាល់ថាការងារដែលខ្លួនធ្វើគឺជាវិធីសងបំណុលដែលខ្លួនជំពាក់។
រៀបការដោយបង្ខំឬដោយលក្ខណៈទាសភាព
ការរៀបការដោយបង្ខំ ឬរៀបការមុនវ័យគ្រប់ការគឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់យេនឌ័រទាំងពីរ។ ទោះជាយ៉ាងនេះក្ដី ករណីភាគច្រើន ក្មេងស្រី កុមារី និងស្ត្រី គឺជាជនរងគ្រោះធំជាងគេ។ អនុសញ្ញាស្ដីពីទាសភាព ឆ្នាំ ១៩៥៦ បានឱ្យនិយមន័យចំពោះអំពើខាងក្រោមថាជាការរៀបការដោយបង្ខំ។
- ស្ត្រីរូបនោះគ្មានសិទ្ធិបដិសេធ ហើយត្រូវបានគេសន្យា ឬផ្ដល់ឱ្យនូវការទូទាត់ជាប្រាក់ ឬជាសម្ភារៈដល់ឪពុកម្ដាយ អាណាព្យាបាល គ្រួសារឬមនុស្សណាឬក្រុមណាមួយ ឬ
- បុរសជាប្ដី គ្រួសាររបស់គាត់ ឬសាច់ញាតិ មានសិទ្ធិក្នុងការផ្ទេរស្ត្រីនោះទៅកាន់មនុស្សដទៃទៀតដែលអាចគិតជាតម្លៃបាន ឬ
- នៅពេលដែលប្ដីស្លាប់ ស្ត្រីនោះអាចប្រឈមនឹងការគ្រប់គ្រងបន្ដដោយមនុស្សម្នាក់ទៀត។
និយមន័យនេះត្រូវបានកែប្រែបន្ថែមនៅក្នុងឆ្នាំ ២០០៦ ដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានធ្វើការកត់សម្គាល់ឃើញថា «ការរៀបការដោយបង្ខំគឺជាការរៀបការដែលខ្វះសេរីភាពនិងការព្រមព្រៀងយ៉ាងហោចណាស់ពីភាគីមួយ»។ ដូច្នេះ ការរៀបការដោយបង្ខំសំដៅលើស្ថានភាពណាមួយដែលការរៀបការកើតឡើងដោយគ្មានសេរីភាពនិងការព្រមព្រៀងត្រឹមត្រូវពីភាគីណាមួយនៃភាគីទាំងពីរ ដោយមិនគិតពីអាយុ ហើយដែលពាក់ព័ន្ធនឹងការឈឺចាប់ផ្លូវកាយនិងផ្លូវអារម្មណ៍, ដូចដែលបានកត់សម្គាល់នៅក្នុងអនុសាសន៍រួមលេខ ៣១ នៃគណៈកម្មាធិការស្ដីពីការលុបបំបាត់ការរើសអើងចំពោះស្ត្រី។
ការរៀបការមុនវ័យគ្រប់ការ, ជាពិសេសគឺការរៀបការរបស់កុមារដែលមានអាយុតិចជាង ១៦ ឆ្នាំ, គឺទាក់ទងនឹងការរៀបការដោយបង្ខំដោយសារអនីតិជនត្រូវបានគេចាត់ទុកថាមិនអាចផ្ដល់នូវការយល់ព្រមត្រឹមត្រូវបានឡើយ។ សូមកត់សម្គាល់ផងដែរថា ប្រទេសជាច្រើនបានអនុញ្ញាតឱ្យអ្នកដែលមានអាយុ ១៦ ឬ ១៧ ឆ្នាំ ដែលចង់រៀបការ ឱ្យរៀបការបានដោយមានការយល់ព្រមពីឪពុកម្ដាយឬតាមការសម្រេចរបស់តុលាការ។
ទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ
ដោយយោងទៅលើអនុសញ្ញាពលកម្មអន្តរជាតិ ឆ្នាំ ១៩៩៩ លេខ ១៨២ ស្ដីពីការហាមឃាត់និងវិធានការភ្លាមៗដើម្បីលុបបំបាត់ទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ ពាក្យថា «ទម្រង់អាក្រក់បំផុតនៃពលកម្មកុមារ» រួមមាន៖
- ទាសភាពគ្រប់ប្រភេទទាំងអស់ ឬក៏អំពើស្រដៀងគ្នានឹងទាសភាព ដូចជាការលក់និងចរាចរកុមារ ទាសភាពបំណុល ខ្ញុំបម្រើ និងពលកម្មដោយបង្ខំដោយទម្រង់ណាមួយ រួមមានការប្រើប្រាស់កុមារនៅក្នុងសង្គ្រាម ឬជម្លោះប្រដាប់អាវុធ។
- គ្រប់សកម្មភាពទាំងអស់ដែលរំលោភបំពានលើផ្លូវភេទកុមារ ដូចជាពេស្យាចារ ភាពយន្តអាសអាភាស ឬការសម្ដែងបែបអាសអាភាស។
- ការភ្ជាប់កុមារនៅក្នុងសកម្មភាពខុសច្បាប់ ដូចជាការផលិតនិងចរាចរថ្នាំញៀនជាដើម
- ការងារដែលអាចធ្វើឱ្យខូចសុខភាព ឬប៉ះពាល់ដល់សុវត្ថិភាពនិងសុខុមាលភាពរបស់កុមារ (ការងារដែលត្រូវបានគេស្គាល់ថាជាការងារដែលមានគ្រោះថ្នាក់)។

ប្រទេសថៃនឹងជួយធ្វើអោយមានភាពងាយស្រួលដល់ពលករចំណាកស្រុកស្របច្បាប់តាមរយះបច្ចេកវិទ្យា។
ប្រទេសថៃបាននិងកំពុងប្រើជំនួយបច្ចេកវិទ្យាម្តងទៀតក្នុងការ […] អានបន្ថែម

អ្នកសរសេរប្លុក Faces to Hearts ធ្វើទស្សនកិច្ចមកកាន់គម្រោង Migra Action
លោកស្រី Lauren Kana Chan ជាអ្នកសរសេរប្លុកនិងជាអ្នកនិទានរឿងជនជាតិជប៉ុន បានមកទស្សនាគម្រោង Migra Action ... អានបន្ថែម

ប្រទេសថៃបានផ្តល់សច្ចាប័នលើការងាររបស់អង្គការ ពលកម្មអន្តរជាតិក្នុងអនុសញ្ញានេសាទលេខ ១៨៨
នៅថ្ងៃទី ៣០ ខែមករា រាជរដ្ឋាភិបាលថៃបានប្រកាសពីការផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៨ របស់អង្គការពលកម្មអន្តរជាតិ (ILO) ... អានបន្ថែម

លិខិតសរសើរជូនអង្គការ GVC នៅខេត្តឧត្តរមានជ័យ
អង្គការ GVC បានទទួលលិខិតសរសើរមួយពីអភិបាលខេត្តឧត្តរមានជ័យសម្រាប់កិច្ចខិតខំប្រឹងប្រែង ... អានបន្ថែម